កាលបរិច្ឆេទ: ១០ មីនា ២០២៥ / កសិកម្ម / Author : ATH Sokren
លោក Victor Lafourcade នាយកផ្នែកទិញនៃក្រុមហ៊ុន Kerex – Terre Exotique បានធ្វើដំណើរមកប្រទេសកម្ពុជាកាលពីខែកុម្ភៈ ដើម្បីទស្សនាចម្ការម្រេចកំពត និងដើម្បីជួបជាមួយអ្នកដាំ។ ក្រុមហ៊ុន Terre Exotique មានទីតាំងនៅភូមិ Rochecorbon និងនៅភូមិ Notre-Dame-d'Oé ក្នុងស្រុក Indre-et-Loire នៃប្រទេសបារាំង ហើយបានក្លាយជាក្រុមហ៊ុនដ៏សំខាន់មួយផ្នែកលក់គ្រឿងទេសប្រណីតៗ។ ក្រុមហ៊ុននេះមានលក់ម្រេច និងគ្រឿងទេសជាច្រើនប្រភេទមកពីជុំវិញពិភពលោក។ ក្រុមហ៊ុនខនហ្វីរេលក៏ជាដៃគូពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុននេះផងដែរតាំងពីឆ្នាំ២០០៧ មក ដែលឆ្នាំនោះក្រុមហ៊ុនធ្វើការនាំចេញម្រេចកំពតលើកទីមួយចំនួន២០០គីឡូក្រាម។ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅខេត្តកែប លោក Victor Lafourcade បានជជែកពិភាក្សាជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ជុំវិញគោលនយោបាយសេដ្ឋកិច្ចវិលជុំរបស់លោកឧកញ៉ា។
VF : តើទស្សនៈសេដ្ឋកិច្ចវិលជុំកើតឡើងដោយរបៀបណានៅក្នុងគំនិតរបស់លោក?
HLE : លោក Lee Kuan Yew បាននិយាយពីប្រទេសកម្ពុជាថា៖ «អ្នកមានអ្វីៗគ្រប់យ៉ាង។ អ្នកមានទឹក មានដើមឈើហូបផ្លែ មានដីដ៏មានជីរជាតិ។ គ្រាន់តែត្រីនៅប្រទេសរបស់អ្នកអាចចិញ្ចឹមមនុស្សនៅទ្វីបអាស៊ីអាគ្នេយ៍ទាំងមូលបាន ព្រោះអ្នកមានបឹងទន្លេសាបដែលជាជង្រុកត្រីដ៏សំខាន់»។ ធម្មជាតិបានផ្តល់ឱ្យយើងនូវសំណាងមួយនេះ។ ប៉ុន្តែ ប្រទេសយើងធ្លាប់ហែលឆ្លងកាត់សង្រ្គាមស៊ីវិល ដោយសារមានអ្នកមានខ្លាំង និងអ្នកក្រខ្លាំងដែលគ្មានអ្វីហូប នៅក្នុងប្រទេសមួយដែលមានធនធានគ្រប់សព្វ។ គឺជាបញ្ហានៃការចែករម្លែក។ វាទាក់ទងនឹងប្រព័ន្ធផលិតរបស់យើង។ អ្នកក្រមិនអាចកែច្នៃផលិតផលបានទេ គឺមានតែអ្នកមានរស់នៅទីក្រុងដែលមានមធ្យោបាយវិនិយោគក្នុងវិស័យកែច្នៃ។ ត្រង់នេះហើយដែលសេដ្ឋកិច្ចវិលជុំមានសារសំខាន់។ វាមិនខុសអ្វីប៉ុន្មានពីទស្សនៈ ភាពគ្រប់គ្រាន់ខ្លួនឯង៖ ផលិតតិចល្មមសម្រាប់តែរស់។
VF : ដូច្នេះ មានន័យថាទីនេះ មិនមែនគ្រាន់តែជាចម្ការម្រេចសរីរាង្គធម្មតាប៉ុណ្ណោះទេ?
HLE : ពិតហើយ ទីនេះមិនមែនគ្រាន់តែជាចម្ការម្រេចធម្មតានោះទេ តែវាជាសាលាផ្តល់នូវបទពិសោធន៍ដល់យើង គឺជាបទពិសោធន៍ផ្តល់ដោយធម្មជាតិ។ តែត្រូវការពេលវេលា។ យើងចាប់ផ្តើមនៅដំណាច់ឆ្នាំ២០១១ ហើយឥឡូវជិតចប់ហើយ។ នៅទីនេះ មានអ្វីៗទាំងអស់៖ មានប្រវត្តិសាស្រ្ត ព្រោះថាវាមានសារសំខាន់ណាស់ដែលត្រូវដឹងថាយើងឆ្លងកាត់អ្វីខ្លះហើយមូលហេតុអ្វី មានធម្មជាតិ មានរុក្ខជាតិ និងមានសត្វចិញ្ចឹមផងដែរ។
នៅទីនេះ មានសត្វជ្រូកព្រៃដែលចិញ្ចឹមជីវិតដោយចំណីអាហាដែលយើងមិនអាចលក់បាន មានដូចជា ដើមត្រកួន និងស្លឹកឈើ មែកឈើ។ ទីនេះសម្បូររុក្ខជាតិដែលមានជាតិប្រូតេអ៊ីនណាស់ ប៉ុន្តែយើងមិនសូវស្គាល់វាឡើយ។ គ្មានអ្នកណាម្នាក់ដឹងទេថា យើងអាចប្រើដើមកំប្លោកដែលដុះមីដេរដាសក្នុងទឹកស្រះ ធ្វើជាចំណីសត្វ ដូចជាសត្វមាន់ជាដើម។ គេប្រើដើមរុក្ខជាតិធ្វើជាជម្រកចិញ្ចឹមសត្វចង្រិតដែលជាប្រភពប្រូតេអ៊ីនមួយផងដែរ។ ទាំងអស់នេះគឺជាប្រព័ន្ធអេកូឡូស៊ីមួយនៃការអភិវឌ្ឍន៍វិលជុំ និងមាននិរន្តរភាព។ នៅទីនេះ យើងអាចរស់ដោយខ្លួនឯងបាន ព្រោះមានស្រូវ មានមាន់ មានត្រី មានគ្រឿងផ្សំផ្សេងៗ ដែលចិញ្ចឹម និងដាំដុះនៅទីនេះផ្ទាល់។ ទស្សនទាននេះអាចយកទៅប្រើនៅជនបទក៏បាន នៅទីក្រុងក៏បាន ទាក់ទិននឹងការកែច្នៃកាកសំណល់។ មិនមែនជាការប្រឆាំងនឹងការប្រើប្រាស់នោះទេ តែជាការប្រើប្រាស់ដោយសមហេតុផល។
VF : អាចនិយាយបានថាចម្ការនេះជាគំរូមួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច?
HLE : ពិតប្រាកដណាស់។ ម្យ៉ាងវិញទៀត ព្រោះតែអ៊ីចឹងហើយបានជានៅពេលបង្កើតក្រុមហ៊ុនខនហ្វីរេលដំបូង យើងចាប់ផ្តើមធ្វើការជាមួយដើមត្នោត ដែលជាដើមឈើយ៉ាងសំខាន់នៅកម្ពុជា។ យើងប្រមូលផលម្រេចបីដងក្នុងមួយឆ្នាំ។ យើងប្រមូលផលម្រេចសរីរាង្គ និងម្រេចដែលយើងប្រើសម្រាប់ធ្វើម្រេចជ្រក់។ ចំណែកឯម្រេចសម្រាប់ធ្វើទឹកជ្រលក់ យើងប្រមូលផលពីរខែមុនពេលប្រមូលផលទូទៅ។ ជាមួយនឹងម្រេច និងគ្រឿងផ្សំផ្សេងៗទៀតដូចជា ប្រហុក អំពិលជាដើម ជាមួយនឹងផលិតផលទាំងអស់នេះដែលបានមកពីស្រុកស្រែ យើងអនុវត្តការអភិវឌ្ឍន៍វិលជុំដែលអាចលើកកម្ពស់វិស័យផ្សេងៗទៀតបាន។ ឧទាហរណ៍ នៅលើជន្លង់ យើងមានផ្លែម្រេចដែលមានអាយុកាល៧ខែ ផ្លែម្រេចពី៩ដល់ទៅ១០ខែ និងម្រេចទុំ។ ចំណែកឯនៅក្រៅចម្ការ យើងមានទឹកជ្រលក់ម្រេច ម្រេចជ្រក់ កញ្ចុំផ្កាម្រេចដែលយើងប្រើសម្រាប់ធ្វើតែសុខភាពម៉ាក Kirum ជាផលិតផលតែផលិតនៅប្រទេសកម្ពុជាដំបូងគេបង្អស់ដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិ។ ការអភិវឌ្ឍន៍វិលជុំអាចយកទៅប្រើប្រាស់បានក្នុងវិស័យផ្សេងៗទៀតផងដែរ ដែលអាចជួយកាត់បន្ថយកាកសំណល់នៅលើភពផែនដី៕